របៀបដែល Autori បានធ្វើឱ្យមានការផ្លាស់ប្ដូរទាំងស្រុងលើការថែទាំផ្លូវនៅទូទាំងប្រទេសហ្វាំងឡង់ ដោយមានរូបភាពទិដ្ឋភាពផ្លូវមួយក្នុងពេលមួយ។
គុណភាពផ្ទៃផ្លូវ ផ្លាកសញ្ញាហួសសម័យ និងផ្លូវដែលគ្មានភ្លើងបំភ្លឺ បង្កការលំបាកជារៀងរាល់ថ្ងៃដល់អ្នកបើកបរ និងទីក្រុងនានានៅទូទាំងពិភលោក។ ប៉ុន្តែ Autori ដែលជាក្រុមហ៊ុនកម្មវិធីរបស់ហ្វាំងឡង់ដែលអភិវឌ្ឍដំណោះស្រាយសម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ បានរកឃើញវិធីប្រមូល និងវិភាគទិន្នន័យកម្រិតផ្លូវកាន់តែមានប្រសិទ្ធភាព ដោយប្រើទិដ្ឋភាពផ្លូវ Google ផែនទី។
ទិន្នន័យផ្លូវ
20
គម្រោងថតរូប
ការកែលម្អប្រសិទ្ធភាពក្នុងការគ្រប់គ្រងលើការថែទាំផ្លូវនៅក្នុងប្រទេសហ្វាំងឡង់
ដោយត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ 1988 Autori ផ្ដល់កម្មវិធីជាដំណោះស្រាយផ្នែកសេវាកម្ម (SaaS) សម្រាប់អ្នកម៉ៅការ អ្នកពិគ្រោះយោបល់ភាគីទីបី និងអាជ្ញាធរផ្លូវគោករបស់ហ្វាំងឡង់សម្រាប់ការគ្រប់គ្រងស្ថានភាព ការរៀបចំផែនការសកម្មភាព និងការសម្របសម្រួលក្នុងការថែទាំ។ ការតាមដានស្ថានភាពផ្លូវនៅទូទាំងប្រទេស ត្រូវចំណាយពេល និងចំណាយថវិកាជាច្រើន ប៉ុន្តែក្នុងពេលដែលក្រុមហ៊ុនផ្សេងទៀតមើលឃើញបញ្ហាចំណាយ Autori អាចដាក់ទុនសម្រាប់ឱកាសដ៏ពិសេសនេះ។ ដោយប្រើរូបភាពទិដ្ឋភាពផ្លូវ និងដំណោះស្រាយ SaaS ផ្ទាល់ខ្លួន ពួកគេបានបង្កើតឧបករណ៍សម្រាប់ការគ្រប់គ្រងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធក្នុងការថែទាំផ្លូវ និងការសម្រេចចិត្តកាន់តែប្រសើរនៅហ្វាំងឡង់។
តម្រូវការសម្រាប់ល្បឿន និងការចែករំលែកទិន្នន័យ
ជាទម្លាប់ អាជ្ញាធរផ្លូវគោកចាំបាច់ត្រូវចុះទៅពិនិត្យមើលផ្លូវទាំងអស់ដោយផ្ទាល់ ដើម្បីឱ្យដឹងថាត្រូវធ្វើការងារអ្វីខ្លះនៅទីតាំងជាក់លាក់។ នោះមានន័យថាត្រូវបើកបររាប់ពាន់គីឡូម៉ែត្រ និងឈប់ជាច្រើនកន្លែងរាប់មិនអស់ដើម្បីកត់ត្រា។ ការធ្វើបែបនេះមិនត្រឹមតែមិនល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែវាក៏ត្រូវចំណាយច្រើន ប្រើប្រាស់ធនធានក៏ច្រើន ហើយត្រូវប្រើពេលយ៉ាងច្រើនទៀត។ ដូច្នេះ តម្រូវការនៃដំណោះស្រាយមួយដែលមានលក្ខណៈឌីជីថល និងកាន់តែសមស្របនឹងបរិស្ថាន បាននាំឱ្យ Autori មានគំនិតច្នៃប្រឌិត។ ហើយទិដ្ឋភាពផ្លូវគឺជាដំណោះស្រាយដំបូងគេដែលពួកគេគិតឃើញក្នុងការបង្ហាញរូបភាពកម្រិតផ្លូវ។
ការថែទាំផ្លូវជាបន្តបន្ទាប់តម្រូវឱ្យមានការចែករំលែកទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ជាញឹកញាប់ជាមួយភាគីផ្សេងៗគ្នាជាច្រើន។ ទិដ្ឋភាពផ្លូវមានឧបករណ៍ចាំបាច់ទាំងអស់សម្រាប់ធ្វើការចែករំលែកព័ត៌មានឱ្យបានកាន់តែងាយស្រួលក្នុងចំណោមអ្នកប្រើប្រាស់ – អ្នកគ្រប់គ្នាដែលមានទូរសព្ទឆ្លាតវៃអាចប្រើទិដ្ឋភាពផ្លូវនេះបាន ហើយមិនតម្រូវឱ្យមានការចូលគណនី ឬការដំឡើងកម្មវិធីណាមួយឡើយ។ ហើយទោះបីជាទិដ្ឋភាពផ្លូវត្រូវបានប្រើប្រាស់សម្រាប់ការថែទាំផ្លូវពីមុនក៏ដោយ ក៏ការរក្សាបច្ចុប្បន្នភាពទិន្នន័យ គឺជាការប្រឈមដ៏ធំបំផុតដែរ។ យើងបានឃើញឱកាសដើម្បីដោះស្រាយបញ្ហានោះ ដោយបញ្ចូលទិដ្ឋភាពផ្លូវជាមួយនឹងកម្មវិធីថែទាំផ្លូវរបស់យើង។
-
Ari Immonen ប្រធានផ្នែកពិគ្រោះយោបល់លើការធ្វើឌីជីថលកម្មនៅ Autori
រួមគ្នាទាំងពេលប្រើអ៊ីនធឺណិត ទាំងពេលគ្មានអ៊ីនធឺណិត ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ
នៅដើមឆ្នាំ 2017, Autori បានចាប់ផ្ដើមថតរូប និងបង្ហោះរូបភាព 360 នៃផ្លូវរដ្ឋនៅហ្វាំងឡង់ ដោយប្រើគណនី Google នៃក្រុមហ៊ុនរបស់ពួកគេដើម្បីបោះផ្សាយរូបភាពនានា។ តាំងពីពេលនោះមក ពួកគេថតបានផ្លូវរដ្ឋចម្ងាយ 40,000km និងបានបង្ហោះរូបភាព 8 លានសន្លឹក ដោយធ្វើឱ្យការគ្រប់គ្រងលើការថែទាំផ្លូវអាចដំណើរការបាននៅលើអ៊ីនធឺណិត។ ដោយរួមបញ្ចូលទិដ្ឋភាពផ្លូវជាមួយនឹងដំណោះស្រាយ SaaS ពួកគេបានធ្វើឱ្យងាយស្រួលដល់អាជ្ញាធរផ្លូវគោកក្នុងការចូលប្រើប្រាស់ព័ត៌មានថ្មីៗអំពីទ្រព្យសម្បត្តិផ្លូវថ្នល់ពីចម្ងាយ។
ដោយសាររូបភាពដែល Autori បានបោះពុម្ពផ្សាយទៅក្នុងទិដ្ឋភាពផ្លូវ របាយការណ៍អំពីសញ្ញាចរាចរណ៍ផ្លូវគោក គំនូស ឬគ្រលុកនានាដែលបាត់ អាចត្រូវបានបង្ហោះ និងដាក់ស្លាកដើម្បីឱ្យភាគីពាក់ព័ន្ធត្រួតពិនិត្យពីការិយាល័យរបស់ពួកគេតាមរយៈផ្ទាំងគ្រប់គ្រងរបស់ Autori។ ដោយផ្ដល់ដំណោះស្រាយដែលអាចប្ដូរបានតាមបំណង Autori ក៏អនុញ្ញាតឱ្យអ្នកជាប់កិច្ចសន្យាតាមដាន និងរៀបចំផែនការការងារថែទាំដែលពាក់ព័ន្ធនៅក្នុងកន្លែងតែមួយដែរ។ នៅពេលការងារថែទាំត្រូវបានបញ្ចប់ រូបភាព 360 ថ្មីនៃតំបន់នឹងត្រូវបានថត និងបង្ហោះដោយបុគ្គលិក ដើម្បីបន្តរក្សាទិន្នន័យផ្លូវថ្នល់ឱ្យមានបច្ចុប្បន្នភាព។ ការធ្វើបែបនេះបានកាត់បន្ថយតម្រូវការក្នុងការទៅកាន់កន្លែងដោយផ្ទាល់ដើម្បីធ្វើការត្រួតពិនិត្យ - សន្សំពេលវេលា ប្រាក់កាស និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ការធ្វើឱ្យមានការផ្លាស់ប្ដូរទាំងស្រុងលើសុវត្ថិភាពផ្លូវថ្នល់នៅគ្រប់ការធ្វើដំណើរទាំងអស់
ទិដ្ឋភាពផ្លូវអនុញ្ញាតឱ្យ Autori កែលម្អការចែករំលែកព័ត៌មាន និងការយល់ដឹងស្ថានភាពសម្រាប់អាជ្ញាធរផ្លូវគោកនៅក្នុងប្រទេសហ្វាំងឡង់ ដែលជាផលត្រឡប់មកវិញបានជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធផល។ ដោយដឹងអំពីផលប៉ះពាល់ជាវិជ្ជមានដែលសកម្មភាពនេះអាចមាននៅជុំវិញពិភពលោក ឥឡូវនេះ Autori កំពុងធ្វើការលើគំរូស្ដង់ដារមួយសម្រាប់ប្រមូល និងចែករំលែកទិន្នន័យផ្លូវក្នុងពេលអនាគត។ ពួកគេក៏បានជួយអ្នកស្រុកឱ្យកាត់បន្ថយសំណល់កាបូនរបស់ពួកគេផងដែរ ដោយថតរូបផ្លូវជិះកង់ និងផ្លូវថ្មើរជើងចម្ងាយ 1,000km។ ឥឡូវនេះគេអាចចូលប្រើប្រាស់ទិន្នន័យថ្មីៗ និងធ្វើដំណើរទៅកន្លែងជិតៗ ដោយមិនមានប៉ះពាល់ដល់បរិស្ថានឡើយ។ លើសពីនេះទៀត ពួកគេនឹងចាប់ផ្ដើមធ្វើដំណើរម្ដងទៀតនៅរដូវក្ដៅនេះ ដើម្បីប្រមូលព័ត៌មានចម្ងាយផ្លូវ 15,000km បន្ថែមទៀតនៅក្នុងប្រទេសហ្វាំងឡង់ ដោយធ្វើឱ្យពួកគេអាចថតរូប និងបោះពុម្ពផ្សាយរូបផ្លូវថ្នល់រដ្ឋជិតពាក់កណ្ដាលហើយនៅក្នុងប្រទេសនេះនៅលើទិដ្ឋភាពផ្លូវ។
ជោគជ័យរបស់ Autori គឺគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមវិធីពិសេសៗជាច្រើនដែលអាជីវកម្មនានាកំពុងប្រើប្រាស់ទិដ្ឋភាពផ្លូវដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ។ វាលើសពីឧបករណ៍សម្រាប់រៀបចំផែនទីជារូបថតទៅទៀត ហើយវាមានអត្ថប្រយោជន៍ច្រើនមហិមាដល់អាជីវកម្មរបស់អ្នកផងដែរ។ តើអ្នកត្រៀមខ្លួនសរសេររឿងជោគជ័យផ្ទាល់ខ្លួនរបស់អ្នកអំពីទិដ្ឋភាពផ្លូវហើយឬនៅ?
បានបង្ហោះនៅក្នុង៖
ការរៀបចំផែនទី និងការធ្វើឌីជីថលកម្មរុករកបន្ថែមទៀត